សៀមរាប៖ គណៈប្រតិភូអន្តរជាតិជាង១០០ប្រទេស ស្មើនឹងជាង ៦០០នាក់ បានចូលរួមលៀងសាយភោជន៍ ក្នុងកម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGNT) ដែលរៀបចំដោយសមាគមកាយឫទ្ធិនារីកម្ពុជា នៅខាងមុខព្រះលានជល់ដំរីនៃបរិវេណប្រាសាទអង្គរធំ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (Benedikte) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា និងជាប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា ។
ពិធីដែលប្រារព្ធឡើង នៅក្នុងបរិវេណប្រាសាទអង្គរធំដ៏អច្ឆរិយៈ នៃទឹកដីសៀមរាបអង្គ គឺធ្វើឡើងនៅថ្ងៃបិទបញ្ចប់ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក នាវេលាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងការរៀបចំស្ដង់ម្ហូបអាហារខ្មែរ និងសម្ដែងសិល្បបុរាណជូនភ្ញៀវភ្លក្សរស់ជាតិ និងទស្សនាពីសិល្បវប្បធម៌ខ្មែរ ។
យោងតាមការជូនសេចក្តីដំណឹង របស់សមាគមកាយឫទ្ធិនារីកម្ពុជា បានឲ្យដឹងថា នៅទីតាំងព្រះលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ នៃទឹកដីសៀមរាបអង្គរ ក្នុងវេលាល្ងាចថ្ងៃទី១៩ ខែមិថុនា នឹងមានរៀបចំដាក់ស្តង់ម្ហូបខ្មែរ ស្ដង់សិល្បៈហត្ថកម្ម ស្ដង់លក់វត្ថុអនុស្សាវរីយ៍ ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន៧សាខា ជាមួយនឹងមានតំបន់ថតរូប ស្តង់វប្បធម៌ខ្មែរផ្សេងៗ ការទូងស្គរមុនចាប់ផ្ដើមកម្មវិធី ។
នៅក្នុងឱកាសនោះដែរ បន្ទាប់ពីពិធីប្រគល់ទង់ ជូនប្រទេសដែលជាម្ចាស់ផ្ទះ ឆ្នាំ២០២៩ ដើម្បីរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៤០ គឺមានការសម្ដែងរបាំអប្សរា ដោយសមាជិកាសាខាខេត្តសៀមរាប, ការសម្ដែងរបាំក្ងោកពោធិ៍សាត់ ដោយសមាជិកាសកម្មខេត្តពោធិ៍សាត់, ការសម្ដែងរបាំបុប្ផាតំណាងជាតិ ដោយសមាជិកាសកម្មខេត្តកំពត, ការសម្ដែងរបាំបញ្ជាន់ស្រូវ ដោយសមាជិកាសកម្មខេត្តបាត់ដំបង, ការសម្ដែងរបាំកម្រងផ្កាសន្តិភាព ដោយសមាជិកាសកម្មសាខារាជធានីភ្នំពេញ, ការដើរបង្ហាញស្បៃបុរាណខ្មែរ, ការសម្ដែងរបាំវរក្សត្រិយ៍, ការសម្ដែងចម្រៀងបទ “វរស្ត្រី” ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា បន្ទាប់មកទៀត មានការសម្ដែងច្រៀងបទ “The World Song” ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា ។
គួរបញ្ជាក់ថា ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា គឺនៅឆ្នាំ២០២៦នេះ បានមានឱកាសធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។
ព្រឹត្តិការណ៍នេះ គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុត របស់សមាគមកាយឫទ្ធិនារីពិភពលោក ដែលរៀបចំរៀងរាល់ ៣ឆ្នាំម្ដង ។ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺមានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្ដាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្ដល់អំណាចដល់កុមារី និងយុវតី ។
ក្រោមប្រធានបទ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” តំណាងឲ្យទិសដៅសំខាន់នៃព្រឹត្តិការណ៍ ក្នុងនោះ We See៖ យុវតីស្វែងយល់ រៀនសូត្រ និងត្រៀមខ្លួនសម្រាប់មហាសន្និបាត ។ We Care៖ សហគមន៍ OB-PS បង្ហាញការគាំទ្រ និងការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍកុមារី និងយុវតី ។ We Act៖ ប្រតិភូពិភពលោកដែលរួមគ្នាពិភាក្សា សម្រេចចិត្ត និងកំណត់ទិសដៅអនាគត ដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន ៕







