កម្មករនិយោជិតកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចំពោះការបន្តដំឡើងប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់ឆ្នាំ២០២៧ខាងមុខ ខណៈពួកគាត់ចង់ការដំឡើងក្នុងកម្រិតសមរម្យ និងអាចរក្សាបាននូវស្ថិរភាពការងារ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗសម្រាប់យុវជនជំនាន់ក្រោយចូលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។
ជួបសម្ភាសន៍ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពួកគាត់ បាននិយាយប្រាប់ព័ត៌មាន ឱ្យដឹងថា ការដំឡើងប្រាក់ឈ្នួលពិតជាមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅ ប៉ុន្តែការកំណត់កម្រិតប្រាក់ឈ្នួលក៏គួរតែគិតគូរដល់សមត្ថភាពរបស់សហគ្រាស និងស្ថិរភាពការងារ ដើម្បីធានាថា ការដំឡើងប្រាក់ឈ្នួលអាចដំណើរការបានយូរអង្វែង ដោយមិនប៉ះពាល់ដល់ការរក្សាការងារដែលមានស្រាប់ និងការបង្កើតការងារថ្មី។
ក្រុមកម្មករ បានលើកឡើងស្រដៀងគ្នាទៀតថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះបានមើលឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិត ពិតជាមានការយកចិត្តទុកដាក់ខ្លាំង ក្នុងការចរចាប្រាក់ឈ្នួលកម្មករ។ ក្រុមកម្មករ បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារតម្លើងប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជាអូសទាញការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណាបំពេញការងារឲ្យអស់លទ្ធភាព និងល្អប្រសើរថែមទៀត។
ពាក់ព័ន្ធការដំឡើងប្រាក់ឈ្នួលនេះ លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានលើកឡើងថា ទោះបីជាតួលេខមិនបានសមនឹងបំណងដែលបានស្នើសុំ ប៉ុន្តែលោកក៏ពេញចិត្ត ដោយសារតួលេខបន្តមានកំណើនថែមទៀត។ បន្ថែមពីនេះ លោកបានលើកឡើងដោយគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ព្រោះជាការ សម្រេ ចទៅតាមមតិភាគច្រើនដែលបានបោះឆ្នោតគាំទ្រ។
លោកយល់ឃើញទៀតថា ការកំណត់ប្រាក់ ឈ្នួលមិន បានផ្អែក តែលើ តម្រូវការ របស់ភាគី ណាមួយ នោះ ទេ ប៉ុន្តែ ត្រូវបាន ពិនិត្យ មើលទិន្នន័យជាក់ស្តែង ព្រម ទាំងស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យផលិតកម្ម។ លើសពីនេះ អាចធានានិរន្តរភាពការងារជូនពលរដ្ឋ និងបង្កើន ការ វិនិ យោគនៅកម្ពុជា។
យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និង តំណាងភាគីកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេចធិបតី បាន សម្រេច ឱ្យ បន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិក ក្រុម ប្រឹក្សា ជាតិ ប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។
បន្ថែមពីនេះ សម្ដេចក៏បានឯកភាពរក្សាប្រាក់ ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុង មួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ ដោយឡែក អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនកម្មករនិយោជិតផងដែរ។ ប្រាក់ឈ្នួលថ្មីនេះ នឹងដាក់ឱ្យអនុវត្តជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៧ខាងមុខតទៅ៕
