សម្ដេចតេជោចាត់ទុក កម្មវិធី «ដាស់ស្មារតីជាតិ» ជាការចងចាំរបស់កម្ពុជាទាំងការឈឺចាប់ និងភាព អយុត្តិ ធម៌
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធី «ដាស់ស្មារតីជាតិ»គឺជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែល កម្ពុជា បានឆ្លងកាត់ក្នុងឆ្នាំ ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំង សាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និង ការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន រំឭកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបាន សរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃទី២៨ ឧសភា ម្សិលមិញ ដើម្បីដាស់ស្មារតីកូនខ្មែរក្នុង «ទិវាដាស់ស្មារតីជាតិ» ២៨ ឧសភា ២០២៦នេះ។
សម្តេចប្រមុខរដ្ឋស្តីទីបន្តថា៖«យុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព តាមរយៈបទពិសោធ និងទិដ្ឋភាពជាក់ស្តែងដែលបញ្ជាក់ថា សុខសន្តិភាព និង ស្ថិរភាពរបស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែ វាទាមទារឱ្យមានការ រួបរួម ការលះបង់និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។ យុទ្ធនាការស្មារតី ជាតិ នេះក៏បាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលាប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ននិងការត្រៀមខ្លួន ។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ គឺជាមេរៀនដ៏មានតម្លៃដែលជំរុញឱ្យយើងទាំងអស់គ្នាបន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ»។
យើងទាំងអស់គ្នាក៏នៅចងចាំបាននូវសារដ៏មានអត្ថន័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី ២៩ ធ្នូ ២០២៥ ថា៖«ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិគឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះ មួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង»។
សូមជម្រាបថា កម្មវិធី «ដាស់ស្មារតីជាតិ» បានក្រើនរំឭកយើងទាំងអស់គ្នាឱ្យ ចងចាំជានិច្ច ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់ នេះ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ៕
