សៀមរាប៖ ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា គឺនៅឆ្នាំ២០២៦នេះ បានមានឱកាសធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។
ព្រឹត្តិការណ៍នេះ មានការចូលរួមមកពីប្រទេសជាង១០០ នៃតំបន់ទាំង៥ លើពិភពលោក ហើយមានអ្នកចូលរួមជាង ៦០០នាក់ ។ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុត របស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំរៀងរាល់ ៣ឆ្នាំម្ដង ។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺមានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្ដាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្ដល់អំណាចដល់កុមារី និងយុវតី ។
ក្រោមប្រធានបទ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” តំណាងឲ្យទិសដៅសំខាន់នៃព្រឹត្តិការណ៍ ក្នុងនោះ We See៖ យុវតីស្វែងយល់ រៀនសូត្រ និងត្រៀមខ្លួនសម្រាប់មហាសន្និបាត ។ We Care៖ សហគមន៍ OB-PS បង្ហាញការគាំទ្រ និងការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍកុមារី និងយុវតី ។ We Act៖ ប្រតិភូពិភពលោកដែលរួមគ្នាពិភាក្សា សម្រេចចិត្ត និងកំណត់ទិសដៅអនាគត ដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន ។
សម្រាប់កម្ពុជា ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិនោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃ ក្នុងការចែករំលែកទៅកាន់មិត្តអន្តរជាតិ នូវបដិសណ្ឋារកិច្ច ដ៏កក់ក្ដៅពីប្រជាជនកម្ពុជា សោភ័ណភាព នៃសៀមរាបអង្គរ វប្បធម៌ បេតិកភណ្ឌខ្មែរ និងសមត្ថភាពរបស់កម្ពុជា ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងវិជ្ជាជីវៈ ។ ជាពិសេស កម្មវិធីរាត្រីកម្ពុជា (Cambodia Night) នឹងបង្ហាញពីសិល្បៈ ប្រពៃណី ម្ហូបអាហារ វប្បធម៌ មិត្តភាព និងបេះដូងដ៏កក់ក្ដៅរបស់កម្ពុជា ។
គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត កាយឫទ្ធិនារីពិភពលោក នៅប្រទេសសាយប្រើស កាលពីឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានការអនុម័តពីមហាសន្និបាតអន្តរជាតិមួយនេះ ធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ៕
