ភ្នំពេញ៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច ព្រះសង្ឃ នាយក គណៈ មហា និកាយ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាង និងនិមន្ត នាំយក ថវិកា ប្រមាណ ១៦០លានរៀល (៤ម៉ឺនដុល្លារអាមេរិក) ចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ យុទ្ធ នាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីសង្គ្រោះកុមារ ដែលទៅរកសេវាសុខាភិបាល នៅក្នុង មន្ទីរពេទ្យ គន្ធបុប្ផា។
ការផ្ដល់ថវិកាចូលរួមសកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុង ពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ពីគណៈសង្ឃនាយក នៃ ព្រះរាជាណាចក្រ កម្ពុជា ក្រោម វត្ត មាន លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។
លោក ជំទាវបណ្ឌិត មានប្រសាសន៍ថា ការចូលរួមរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រ កម្ពុជា នេះ បង្ហាញថា ក្នុងយុទ្ធនាការជួយសង្គ្រោះជីវិរបស់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនេះ មិន មែនតែជាភារកិច្ចរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺមានន័យថា ពុទ្ធសាសនានៅកម្ពុជា បានដើរ តួនាទី យ៉ាង សំខាន់ និងអនុវត្តត្រូវនឹងពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធ គឺការមាន មេត្តា ករុណា ជួយ សង្គ្រោះ ជីវិត មនុស្ស។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែល ជា ទាន បរិច្ចាគ របស់ គណៈសង្ឃនាយកនេះ នឹងចូលរួមជាចំណែក ក្នុងការចំណាយលើការពិនិត្យ ព្យាបាល ជំងឺរបស់ទារក កុមារ និងសេវាសម្ភព ចំពោះស្ត្រីមានផ្ទៃពោះ ដែលក្នុងមួយឆ្នាំ ៗ មន្ទីរ ពេទ្យ គន្ធ បុប្ផា ត្រូវចំណាយប្រមាណជាង ៤៥លានដុល្លារអាមេរិក។
លោក ជំទាវបណ្ឌិត បានបន្ថែមថា សម្រាប់ការផ្ដល់សេវាសុខាភិបាល របស់មន្ទីរពេទ្យគន្ធបុប្ផា គឺ គ្មាន ការ រើសអើង មិនថាកូនអ្នកមាន ឬកូនអ្នក្រ ដោយក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ ប្រើ ប្រាស់ ថ្នាំ ព្យាបាល និងការថែទាំដូចៗគ្នា ។
ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងនូវអំណរព្រះគុណ ចំពោះ គណៈ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមថវិកាក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ខណៈ គណៈសង្ឃនាយក តែងតែមានព្រះសកម្មភាពជាច្រើនទៀត ក្នុងការ ជួយ គាំទ្រ ដល់ កង ទ័ព នៅ ជួរ មុខ និងប្រជាជនភៀសសឹកជាដើម។
សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង មានព្រះបន្ទួលថា ការងារ ជួយ សង្គ្រោះជី វិត របស់ មនុស្ស មិនមែនសម្រាប់ពុទ្ធបរិស័ទនោះទេ គឺព្រះសង្ឃក៏មានចំណែកចូលរួមផងដែរ ហើយ ណា មួយតាមពុទ្ធវាទ ការជួយសង្គ្រោះមនុស្សមានជំងឺ ប្រៀបដូចជា ការ បាន មើលថែ ព្រះ ពុទ្ធអង្គ ដែលមានព្រះរោគាពាធផងដែរ ហើយការជួយសង្គ្រោះមនុស្សនេះ គឺបាន បុណ្យ ច្រើន ណាស់ ។
នាវេលា ឱកាសនោះ ក្នុងនាមជាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះ មហា សុមេ ធាធិបតី កិត្តិបណ្ឌិត អំ លីមហេង មានព្រះបន្ទួលបញ្ជាក់ថា នឹងបន្តគៀរគរ និងប្រមែ ប្រមូល ថវិកា តាមវត្តអារាមនានាទូទាំង២៥រាជធានីខេត្ត ក្នុងការចូលរួមបរិច្ចាគថវិកា ក្នុងយុទ្ធនាការ ១ម៉ឺន រៀល ១ម៉ឺននាក់ ខណៈមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាគំនិតផ្ដួច ផ្ដើម បង្កើត ឡើង ដោយ សម្ដេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ ទទួលបាន ថវិកា ពី ការ បរិច្ចាគរបស់សប្បុរសជននានា បានប្រមាណជិត ៦លានដុល្លារអាមេរិក ដោយថវិកា ទាំង អស់ នេះ នឹងត្រូវយកទៅទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅ ខេត្ត សៀមរាប ៕










