(កណ្តាល)៖ បេក្ខជន និងសកម្មជនចំនួន ៤៨រូប មកពីគណបក្សភ្លើងទៀន ក្នុងខេត្តកណ្ដាល បានប្រកាសផ្ដាច់ខ្លួនជាផ្លូវការពីបក្សប្រឆាំង និងគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសកម្មជនមកពីឃុំភូមិធំ ស្រុកល្វាឯម ចំនួន ១១នាក់ ឃុំស្វាយអំពារ ស្រុកមុខកំពូល ចំនួន ៧នាក់ និងឃុំស្វាយប្រទាល ស្រុកស្អាង ចំនួន ៣០នាក់។
លោកបណ្ឌិត ឃួន សុវណ្ណ បានបន្តថា ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំង ដោយមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិឡើយ។ ផ្ទុយទៅវិញ ពួកគេបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍រីកចម្រើនដូចពេលបច្ចុប្បន្ន។
ក្រុមសកម្មជនទាំងអស់បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។
គណបក្សប្រជាជនកម្ពុជា គឺជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ ឱ្យភ្ញាក់រលឹក និងចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងជាតិមាតុភូមិឱ្យកាន់តែរុងរឿង៕







