រដ្ឋធានីម៉ានីល៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នៅសាធារណរដ្ឋហ្វីលីពីន តំណាងកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ ដែលកំពុងរងផលប៉ះពាល់ដោយមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. បានលើកឡើងនៅក្នុងកិច្ចប្រជុំនេះថា សកម្មភាពរបស់យោធាថៃ ដែលបានរាយបន្លាលួស និងដាក់ទូរកុងតឺន័ររារាំងផ្លូវនៅតាមតំបន់ព្រំដែន គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
កម្ពុជាបានរំលឹកដល់កិច្ចព្រមព្រៀងឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិលវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពគោលការណ៍មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល លើសពីនេះ ការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះសំបែង សាលារៀន និងមណ្ឌលសុខភាព ត្រូវតែទប់ស្កាត់ជាដាច់ខាត ស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ក៏បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការអនុវត្តយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើកិច្ចការពារសិទ្ធិមនុស្ស។
កិច្ចប្រជុំពិសេសនៃអាយឆានេះ បានពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន រួមទាំងការជំរុញសិទ្ធិទទួលបានបរិស្ថានស្អាត សិទ្ធិសុខភាពផ្លូវចិត្តរបស់កុមារក្នុងយុគសម័យឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអាស៊ាននានា ដើម្បីលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់។
អង្គប្រជុំបានបង្ហាញការ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាយឆាក្នុងការការពារសិទ្ធិមនុស្ស ខណៈដែលកម្ពុជាបន្តជំរុញឱ្យមានដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែន។
ជាចុងក្រោយ កម្ពុជាទាមទារឱ្យមានការធានាថា ប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញបានដោយស្ម័គ្រចិត្ត សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងមាននិរន្តរភាព។







