បន្ទាយមានជ័យ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនជនភៀសសឹកចំនួន ៣០០គ្រួសារ ដែលកំពុងស្នាក់នៅទីតាំងជម្លៀសបណ្តោះអាសន្នភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បើតាមលោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីតាំងជម្លៀសបណ្តោះអាសន្នភូមិរងចាំ បច្ចុប្បន្នកំពុងទទួលជនភៀសសឹកជាង ៣,០០០គ្រួសារ ដែលបានជម្លៀសចេញពីភូមិចំនួន ៧ ស្ថិតក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក បន្ទាប់ពីស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះបានចាកចេញពីលំនៅឋាន ដោយសារការប៉ះទង្គិចនៅតាមព្រំដែន ដែលបានបង្កឱ្យមានការខូចខាតលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ក្នុងឱកាសសួរសុខទុក្ខ លោក កឹម សុខា បានសម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ លោកបានលើកឡើងថា ជម្លោះនេះបានធ្វើឱ្យមានអ្នកស្លាប់ និងរងរបួស ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាច្រើនត្រូវជម្លៀសចេញពីលំនៅឋានមកស្នាក់នៅទីតាំងបណ្តោះអាសន្ន។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីតាំងស្នាក់នៅ និងផ្តល់ការគាំទ្រដល់ជនភៀសសឹក។ ជាមួយគ្នានេះ លោកបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនជនភៀសសឹកចំនួន ៣០០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងអំឡុងពេលជម្លៀសខ្លួន។
ការចុះសួរសុខទុក្ខរបស់លោក កឹម សុខា នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយក្នុងការលើកទឹកចិត្ត និងចែករំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារស្ថានការណ៍ជម្លោះនៅតាមតំបន់ព្រំដែន៕









