ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងឯកឧត្តមស្នងការរង តំណាងស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះតែងត្រូវបានរៀបចំឡើងជាញឹកញាប់ ដើម្បីដកស្រង់បទពិសោធន៍ និងលើកយកនូវបញ្ហាប្រឈមក្នុងការចុះអនុវត្តការងារកន្លងមក ពិសេសគឺពិភាក្សារកនូវចំណុចខ្វះខាត សម្រាប់ធ្វើការកែលម្អ ធ្វើយ៉ាងណាឱ្យការចុះធ្វើប្រតិបត្តិការទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាល បានដាក់ចេញនូវអនុសាសន៍ដឹកនាំជូនអភិបាលខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ ៣ ដោយណែនាំឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅរួមទាំងអស់ក្នុងមូលដ្ឋានត្រូវចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរឱ្យបានត្រឹមត្រូវ។ រដ្ឋបាលខណ្ឌត្រូវអនុវត្តវិធានការជំនាញឱ្យកាន់តែសកម្ម ក្នុងការកំណត់មុខសញ្ញាសង្ស័យ ដើម្បីឈានដល់ការបង្ក្រាបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ហើយត្រូវធ្វើរបាយការណ៍លទ្ធផលអនុវត្តការងារប្រចាំខែមករដ្ឋបាលរាជធានីភ្នំពេញឱ្យបានទៀងទាត់។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលខណ្ឌ និងយន្តការច្រកចេញចូលតែមួយសង្កាត់ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ៕





