ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយភាព ជោគជ័យ ដ៏ត្រចះត្រចង់ ដោយបានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិសរុបប្រមាណ ៦,៥០០ នាក់ មកពី ៥១ ប្រទេសចូលរួម ដែលមានកំណើន ២៥% បើធៀបកាលឆ្នាំមុន។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មិនត្រឹមតែនាំមកនូវភាពរីករាយ និងការភ្ញាក់ផ្អើលដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតចំណូលយ៉ាងហោចកន្លះលានដុល្លារ កំឡុងព្រឹត្តិការណ៍រយៈពេលប៉ុន្មានថ្ងៃនេះ។
បើតាមការវាយតម្លៃរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ បានប្រព្រឹត្តទៅយ៉ាងរលូន នៅតំបន់អង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមានការអញ្ជើញចូលរួមជាសក្ខីភាពីលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាច្រើនទៀត។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ឆ្នាំនេះ ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ បានផ្ដល់នូវការភ្ញាក់ផ្អើល និងភាពអស្ចារ្យដល់អ្នករត់ ពិសេសអត្តពលិកមកពីចិន ចំពោះទិដ្ឋភាពជារួមនៅតាមតម្រាយផ្លូវរត់ ក្រោយមានការជំរុញគាំទ្រ និងសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពទាក់ទាញ ហើយបង្កើតបានចំណូលដ៏ច្រើនមិនតិចជាងកន្លះលានដុល្លារពីអត្តពលិក ដែលបានមកចូលរួមរត់ និងបន្ដស្នាក់នៅកម្សាន្ដ កំឡុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ។








