ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា ប្រទេសអាល្លឺម៉ង់បានកត់ត្រាចំនួនអ្នកស្លាប់ទាក់ទងនឹងកំដៅ ១៦.៣០០ករណី ក្នុងអំឡុងពេលមានរលកកម្ដៅរដូវក្តៅដ៏ធ្ងន់ធ្ងររបស់តំបន់អឺរ៉ុប។
បណ្ដាប្រទេស នៅទូទាំងទ្វីបអឺរ៉ុប បានកត់ត្រាចំនួនអ្នកស្លាប់លើសពី ៣០.០០០នាក់ ក្នុងអំឡុងពេលមានរលកកម្ដៅជាប់ៗគ្នា និងគ្រោះរាំងស្ងួត ដែលអ្នកវិទ្យាសាស្ត្រ បានចាត់ទុកថា មានពាក់ព័ន្ធជាមួយបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។
តួលេខរបស់អាល្លឺម៉ង់ បានបង្កើនចំនួនអ្នកស្លាប់ពី ១៥.៨០០នាក់ដែលបានរាយការណ៍កាលពីសប្តាហ៍មុន ដោយវិទ្យាស្ថាន Robert Koch របស់រដ្ឋាភិបាល។ តួលេខចុងក្រោយបំផុត បានគ្របដណ្ដប់ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី ២៣ ខែសីហា ដែលមានរយៈពេលវែងជាងស្ថិតិមុនចំនួនមួយសប្តាហ៍។
អាជ្ញាធរសុខភាពសាធារណៈ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅប្រទេសអាល្លឺម៉ង់ ចំណែកធំបំផុតនៃការស្លាប់ទាក់ទងនឹងកម្ដៅ បានកើតឡើងនៅក្នុងក្រុមមនុស្សអាយុលើសពី ៧៥ឆ្នាំ។ វិទ្យាស្ថាននេះបានប៉ាន់ប្រមាណថា ការស្លាប់ចំនួន ៩.៦០០ករណី គឺស្ថិតនៅក្នុងសប្តាហ៍ថ្ងៃទី ២២-២៨ ខែមិថុនា។
វិទ្យាស្ថាននេះបានបញ្ជាក់ថា ខ្លួនបានប្រមូលទិន្នន័យស្តី ពីអត្រាមរណភាពទាក់ទងនឹងកម្តៅអស់រយៈពេល ១ទសវត្សរ៍មកហើយ ហើយចំនួនអ្នកស្លាប់ខ្ពស់បំផុតទាក់ទងនឹងកម្ដៅ ក្នុងឆ្នាំ២០១៨ គឺ ៨.៩០០នាក់។ ចំណែករបាយការណ៍ដាច់ដោយឡែកដោយសារព័ត៌មានវេជ្ជសាស្ត្រមួយ បានប៉ាន់ប្រមាណថា មនុស្ស ១០.០០០នាក់ បានបាត់បង់ជីវិតដោយសារកម្តៅក្នុងឆ្នាំ១៩៩៤៕
