យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Amazon មួយគ្រឿងបានរត់ហួសផ្លូវរត់ក្នុងអំឡុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Miami សហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃអាទិត្យ ដោយបានបុករថយន្តជាច្រើនគ្រឿង និងបង្កការឆាបឆេះ ។
លោក Raied Jadallah ប្រធានក្រុមជួយសង្គ្រោះពន្លត់អគ្គិភ័យស្រុក Miami-Dade បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអាទិត្យថាមានមនុស្ស ៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់នេះ។ បីនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ខណៈពីរនាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក។
លោក Jadallah បាននិយាយថា ជនរងគ្រោះមួយចំនួនបានជាប់ក្នុងរថយន្ត ដែលត្រូវបានយន្តហោះបុក និងត្រូវបានជួយសង្គ្រោះចេញរួចរាល់ហើយ ។
ក្រុមអ្នកឆ្លើយតបក៏បាននិយាយផងដែរថា អ្នកបើកយន្តហោះត្រូវបានជួយសង្គ្រោះចេញពីយន្តហោះ ហើយកំពុងត្រូវបានព្យាបាល។
លោកស្រី Rosie Cordero-Stutz អធិការស្រុក Miami-Dade បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា មិនមានការគំរាមកំហែងជាក់ស្តែងដល់សុវត្ថិភាពសាធារណៈទេ ៕
