ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Zhulkarnain Abdul Rahim អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនមែនកើតមានតែនៅកម្ពុជា ឬសិង្ហបុរីនោះទេ ប៉ុន្តែជាបញ្ហាសកល កើតមាននិងមានជនរងគ្រោះគ្រប់ទីកន្លែង ពោលគឺ ជាបញ្ហារួមដែលគ្រប់ភាគីត្រូវរួមគ្នាដោះស្រាយ ដោយមិនដាក់បន្ទុកទៅលើភាគី ឬប្រទេសមួយឡើយ។
បើតាមលោក Zhulkarnain Abdul Rahim វត្តមានគណៈប្រតិភូសិង្ហបុរី មកចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា នាពេលនេះ ក៏ជាការបញ្ជាក់អំពីភស្តុតាងជាក់ស្ដែង បង្ហាញថា បញ្ហានេះត្រូវការការចូលរួមពីគ្រប់ភាគី។ លោកអះអាងថា សិង្ហបុរី បានត្រៀមលក្ខណៈដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗមួយចំនួនក្នុងក្របខណ្ឌនៃការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនៅក្នុងឱកាសប្រទេសសិង្ហបុរី ទទួលធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៧។
ក្នុងក្របខណ្ឌប្រទេសកម្ពុជា លោកបានបញ្ជាក់ឡើងវិញថា បញ្ហាស្កេម ជាបញ្ហាមួយដែលគ្រប់គ្នាត្រូវយល់ដឹងថា បើប្រទេសណាមួយមានសុវត្ថិភាព ប្រទេសណាមួយផ្សេងទៀតក៏មានសុវត្ថិភាពដែរ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើប្រទេសណាមួយគ្មានសុវត្ថិភាព ប្រទេសណាមួយផ្សេងទៀតក៏គ្មានសុវត្ថិភាពដូចគ្នាដែរ។ ដូច្នេះការរួមគ្នាប្រយុទ្ធប្រឆាំងបញ្ហាស្កេម គឺជារឿងចាំបាច់ និងបន្ទាន់បំផុត ជាក់ស្ដែងនៅសិង្ហបុរី ក៏មានអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងការឆបោកក្នុងស្រុក និងក្រៅប្រទេស ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។
លោកក៏បានយកឱកាសនោះ ចែករំលែកនូវមេរៀន និងបទពិសោធ ដែលសិង្ហបុរីបានប្រើយន្តការដៃគូសហការជាមួយវិស័យឯកជនពាក់ព័ន្ធនឹងសេវាកម្ម ពាណិជ្ជកម្ម រួមទាំងវិស័យធនាគារ ដើម្បីបង្កើតបាននូវកម្លាំងសរុបរួមចំណែកដោះស្រាយបញ្ហានេះចេញពីគ្រប់វិស័យ ពោលគឺមិនមែនជាការងារផ្ដាច់មុខរបស់រដ្ឋ ឬក្រសួងស្ថាប័នណាមួយឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឯកភាព ចំពោះការលើកឡើងរបស់ អនុរដ្ឋមន្ត្រីសិង្ហបុរី អំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងស្កេម ពីព្រោះបញ្ហានេះមិនត្រូវការភាគីណាមួយយកដៃចង្អុលទៅភាគីណាមួយឡើយ ប៉ុន្តែត្រូវតែយកដៃចាប់គ្នាដើម្បីផ្លាស់ប្ដូរនូវបទពិសោធ ព័ត៌មាន និងបង្កើតយន្តការសហប្រតិបត្តិការឱ្យបានកាន់តែសកម្ម និងជឿនលឿន។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងប្រាកដប្រជា និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ដើម្បីបន្តប្រតិបត្តិការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនៅសេសសល់ពួកឧក្រិដ្ឋជនប្រមូលផ្ដុំគ្នាជាទ្រង់ទ្រាយតូចៗធ្វើសកម្មភាព បន្ទាប់ពីប្រតិបត្តិការកន្លងមកបានបង្ក្រាបទីតាំងធំៗប្រមាណជាង ៦០០ទីតាំង មានអ្នកជាប់ពាក់ព័ន្ធប្រមាណជាង ២.០០០នាក់ កំពុងជាប់ឃុំ និងត្រៀមប្រឈមមុខនឹងផ្លូវច្បាប់ ដែលអាចជាប់ពន្ធនាគារចន្លោះពី ៥ទៅ២៥ឆ្នាំ ស្របតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានចែករំលែកអំពីព័ត៌មានចុងក្រោយ ដោយមកដល់ពេលនេះ មានជនបរទេសប្រមាណ ៥០ម៉ឺននាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានស្ម័គ្រចិត្តចាកចេញដោយខ្លួនឯង និងមួយចំនួនទៀតត្រូវបានសមត្ថកិច្ចអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា។ បច្ចុប្បន្នតាមការវាយតម្លៃ នៅមានជនបរទេសប្រមាណ ២០ម៉ឺននាក់ទៀត ដែលពួកគេកំពុងមានវត្តមាននៅកម្ពុជា ភាគច្រើនកំពុងធ្វើការពាក់ព័ន្ធនឹងការលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែពុំជាប់ពាក់ព័ន្ធនឹងOnline Scams នោះទេ។ លោកបានបញ្ជាក់ដែរថា ចាប់ពីដើមខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលនឹងផ្អាកការលេងល្បែងភ្នាល់តាមអនឡាញនៅតាមបណ្ដាកាស៊ីណូ ដើម្បីពិនិត្យឡើងវិញ នូវវិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា «នេះជាយន្តការថ្មីមួយទៀត សំដៅកាត់ផ្ដាច់ឫសគល់នៃអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បើទោះបីជាហ្គេម ឬល្បែងអនឡាញនេះមិនពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសស្កេមក៏ដោយ»។ លោក អះអាងថា ប្រតិបត្តិការនេះធ្វើឡើងយ៉ាងម៉ឺងម៉ាត់ចំពោះទីតាំងកាស៊ីណូទាំងឡាយណាដែលបន្តឱ្យលេងល្បែងភ្នាល់តាមអនឡាញនេះ ហើយជនបរទេសប្រមាណ ២០ម៉ឺននាក់ នឹងត្រូវអនុវត្តនីតិវិធី ទាំងបណ្ដេញចេញ និងស្ម័គ្រចិត្តដោយបង្ខំប្រសិនបើរកឃើញថា ពួកគេរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់៕
