លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយលោក សឿង ចក់ និងក្រុមការងារពិសេស នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ៨៧នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាល ដោយសកម្មជនទាំង៨៧នាក់នោះមកពីឃុំស្វាយប្រទាល ឃុំប្រាសាទ និងឃុំតាលន់ នៃស្រុកស្អាង ចំនួន ៦៣នាក់ និងមកពីឃុំកោះធំ(ក) នៃស្រុកកោះធំ ចំនួន ២៤នាក់ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល យោគយល់ និងរីករាយជាគ្រួសារខ្មែរតែមួយ។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនមានការរើសអើងនិន្នាការនយោបាយណាមួយឡើយ។
បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ ក៏បានបន្តដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង នៅក្នុងស្រុកស្អាង និងស្រុកកោះធំចំនួន ៥គ្រួសាររួមមាន៖
– គ្រួសារទី១៖ លោកយាយ ផៃ ភឿន រស់នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាល
– គ្រួសារទី២៖ អ្នកមីង នាង សម្ភស្ស ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្ត កណ្ដាល
– គ្រួសារទី៣៖ លោកយាយ ពាង យឹម ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល
– គ្រួសារទី៤៖ លោកពូ ឈិន ប៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលកោះធំ ឃុំកោះធំ ក ស្រុកកោះធំ ខេត្តកណ្ដាល
– គ្រួសារទី៥៖ លោកពូ គិត សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលកោះធំ ឃុំកោះធំ ក ស្រុកកោះធំ ខេត្តកណ្ដាល
អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ ភួយព្រមទាំងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
សកម្មភាពនេះបានស្តែងឱ្យឃើញកាន់តែច្បាស់ពីស្មារតី «វប្បធម៌នៃការចែករំលែក» និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។
ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋ និងសមាជិកថ្មីទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងបានបួងសួងជូនពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿង ជារៀងរហូតតទៅ៕




