ភ្នំពេញ ៖ មន្រ្ដីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាការងារជូនពលករត្រឡប់មកពីថៃវិញបានយ៉ាងរលូន តាមរយៈ កំណើន នៃការចុះបញ្ជីថ្មី នៃ រោងចក្រ/សហគ្រាស ដែល ស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៨ម៉ឺននាក់ ក្នុង រយៈពេល ៥ខែដើមឆ្នាំ ២០២៦នេះ ដែលចំនួននេះ បាននាំកំណើនអ្នកមានការងារធ្វើកើនដល់ជាង ៤៧,០០០ នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា សន្ទុះការងារ នៅក្នុងប្រទេសក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦នេះ បានបង្ហាញសញ្ញាវិជ្ជមាន តាមរយៈកំណើន នៃការចុះបញ្ជី រោងចក្រ សហគ្រាស ថ្មីៗ ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជាក់ស្តែង ក្នុងរយៈពេល៥ ខែដើមឆ្នាំ២០២៥នេះ មានរោងចក្រ សហគ្រាសថ្មី បានចុះបញ្ជីថ្មី មានចំនួន ៦៥០ សហគ្រាស ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ៨ម៉ឺននាក់ ។
ឯកឧត្តម បញ្ជក់ថា លើសពីនេះ ការអន្តរាគមន៍ គាំទ្រ បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ របស់រាជរដ្ឋាភិបាល ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន ។ គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ មានអ្នកទទួលបាន ការងាធ្វើសរុប ៦៤ ម៉ឺននាក់ ក្នុងនោះអ្នកទទួលបានការងារ ក្នុងប្រព័ន្ធចំនួនប្រមាណ ៣៤ ម៉ឺននាក់ ហើយពលករដែលបានបន្សំខ្លួនជាមួយការងារ កសិកម្ម, ការងារក្នុងកសិដ្ឋាន, ការដ្ឋានសំណង់, សិប្បកម្ម, ភោជនីយដ្ឋាន, និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណ ៣០ម៉ឺននាក់។
សូមបញ្ជាក់ថា គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ ចំនួនក្រុមហ៊ុន សហគ្រាស និង រោងចក្រ បានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន កើនដល់ ៤៧ ២៩៩សហគ្រាស ពីចំនួន ៤៦ ៦៤៩សហគ្រាស នៅឆ្នាំ២០២៥ ដែលធ្វើឱ្យមានកំណើនកម្មករ-និយោជិតមានការងារធ្វើសរុប ២ ២៩៦ ៣៤៨នាក់។ នេះបើតាម ឯកឧត្តម ប៉ែន បូណា៕
