ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន ប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ ខណៈក្នុងពេលថ្មីនេះកម្ពុជា និងឡាវទើបតែចុះកិច្ចព្រមព្រៀងជាមួយគ្នា លើការ ដឹកញ្ជូន ទំនិញកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ដើម្បីយកទៅប្រទេសចិន។
សម្ដេច ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការ តភ្ជាប់ផ្លូវជាតិ របស់កម្ពុជា ទៅកាន់ប្រទេស ឡាវយនេះនឹង ចូលរួម យ៉ាងខ្លាំង ចំពោះការ កាត់បន្ថយ ការ ចំណាយ ផ្នែកសេដ្ឋកិច្ច និងពេលវេលា សម្រាប់ ប្រជាពលរដ្ឋលើវិស័យ ដឹងញ្ជូន ទំនិញពីកម្ពុជា ឆ្លងកាត់ប្រទេស ឡាវទៅកាន់ប្រទេស ចិន។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងសាងសង់តម្លៃប្រមាណ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះគឺជាការសម្រេចដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលអាណត្ដិមុន ដែលសម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ដ្រី បានសម្រេចក្នុងការរៀបចំ»។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការស្ថាបនាពង្រីកកំណាត់ផ្លូវជាតិនេះឡើងវិញ ដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យរឹងមាំ ធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋ។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយភ្ជាប់ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាម។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកបណ្តាញដឹកជញ្ជូន ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពទាំងក្នុងប្រទេស និងក្នុងតំបន់ ការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របតាមការរីកចម្រើនរបស់កម្ពុជា និងសកលលោក៕
