ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រដែលបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុនកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានកើនឡើងដល់ ១៣ នាក់ និងបានបណ្ដាលឲ្យមនុស្សរាប់រយនាក់រងរបួស និងកាត់ផ្ដាច់បណ្ដាញអគ្គិសនី និងទឹកដល់មនុស្សរាប់ម៉ឺននាក់ ស្របពេលមានរលករញ្ជួយ។
ចំនួនអ្នកស្លាប់ដែលត្រូវបានកែសម្រួលត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីលោកស្រីSanae Takaichiនៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីការរញ្ជួយដី ដែលមានកម្រិតអតិបរមា៧ រ៉ិចទ័រលើមាត្រដ្ឋានអាំងតង់ស៊ីតេស៊ីនដូរបស់ជប៉ុន បានវាយប្រហារខេត្ត Kumamoto នៅលើកោះ Kyushu ភាគខាងត្បូង។
ក្រុមជួយសង្គ្រោះកំពុងជីកកកាយតាមគំនរបំណែកបាក់បែកនៅកន្លែងសំខាន់ៗ រួមទាំងរោងចក្រក្រដាសមួយនៅទីក្រុង Yatsushiro ជាកន្លែងដែលបំពង់ផ្សែងបានដួលរលំ។ កម្មករពីរនាក់ត្រូវបានគេរកឃើញ និងបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពគាំងបេះដូង ដោយមានកម្មករ ៩ នាក់ផ្សេងទៀតបាត់ខ្លួន។
ការផ្ទុះមួយត្រូវបានរាយការណ៍នៅក្នុងផ្សារទំនើប Aeon ដែលមានហាងលក់ទំនិញប្រហែល ២០០ កន្លែង នៅក្នុងខេត្តនេះ ភ្លាមៗបន្ទាប់ពីការរញ្ជួយដី ហើយវីដេអូហាក់ដូចជាបង្ហាញពីផ្នែកខាងលើនៃអគារសំខាន់ត្រូវបានរហែកចេញ និងបាក់បែកដោយផ្នែក។ ស្ត្រីពីរនាក់ដែលមានអាយុ ២០ ឆ្នាំត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្សម្នាក់ទៀតត្រូវបានគេរាយការណ៍ថាបានគាំងបេះដូង។
អ្នកនាំពាក្យរបស់ផ្សារទំនើប Aeon បាននិយាយថា អតិថិជន និងបុគ្គលិកត្រូវបានជម្លៀសចេញបន្ទាប់ពីការរញ្ជួយដីដំបូង ហើយមូលហេតុនៃការផ្ទុះនៅតែមិនច្បាស់លាស់។ មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ក្រុមអ្នកសារព័ត៌មានថាផ្សារទំនើប Aeon Kumamoto បានរាយការណ៍ពីការលេចធ្លាយឧស្ម័ន ទោះបីជាមូលហេតុមិនទាន់ត្រូវបានកំណត់ក៏ដោយ។រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា យោធាជប៉ុនបានចល័តបុគ្គលិកចំនួន ៣.៦០០នាក់សម្រាប់ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងបានបញ្ជូនយន្តហោះចំនួន២០ គ្រឿងដើម្បីវាយតម្លៃការខូចខាតពីលើអាកាស៕


