(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានដាច់ខាត និងត្រូវនិយាយឱ្យបានពិរោះពីសារ មានវិជ្ជាជីវៈជាមួយពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា បើទោះបី តាមប៉ុស្តិ៍ មានមន្ត្រីប៉ូលីសតិច ឬច្រើន តែដាច់ខាតត្រូវតែធានាសន្តិសុខ សុវត្ថិភាពឱ្យបាន មិនត្រូវផ្តេកផ្តួលទៅតាមកម្លាំងនោះទេ ហើយបើត្រូវការកម្លាំងត្រូវស្នើមកអធិការដ្ឋាន។
ឯកឧត្តម ឃួង ស្រេង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី១២ សីហា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា« ក្នុងនាមអាជ្ញាធរ ត្រូវដឹងថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាឧត្ដមភាពនៃសន្លឹកឆ្នោត។ ការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ វាមិនធ្វើឱ្យបាត់បង់សន្លឹកឆ្នោតនោះទេ។ មិនអាចឱ្យពលរដ្ឋមួយចំនួនតូចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយក្រុងភ្នំពេញនោះទេ។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះ បាននិងកំពុងរស់នៅក្នុងភាពស៊ីវិល័យ ទៅតាមការរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលយើងត្រូវរួមគ្នា ដើម្បីឱ្យរាជធានីភ្នំពេញរបស់យើង មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ »។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ក្នុងនាមសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការងារព្រមៗគ្នា ដើម្បីការពារឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយភាពអសកម្មនានា ដែលនាំឱ្យខូចប្រយោជន៍ខ្លួនឯង និងប៉ះពាល់ផលប្រយោជន៍របស់បក្ស។ គណបក្សប្រជាជនកម្ពុជា មានសមត្ថភាព ការពារសន្តិភាព អភិវិឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរ ដែលជាសមាជិក សមាជិការបស់បក្សត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំ ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប ដើម្បីឱ្យពួកគាត់ ជឿជាក់ បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៧-២០២៨បន្តទៀត។
