ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ក្រុមហ៊ុន វិនិយោគអាកាសយានដ្ឋាន អន្តរជាតិ សៀមរាបអង្គរ(AIAI) កំពុង ជំរុញការអភិវឌ្ឍន៍ គម្រោង “អច្ឆរិយៈអង្គរ – Miracle Angkor” នៅអាកាសយានដ្ឋានសៀមរាបចាស់ ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) និង លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នា អំពីវឌ្ឍនភាពប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និង ការស្តារលំហូរអ្នកដំណើរ និងការពង្រីកបណ្តាញហោះហើរ ព្រមទាំងរាយការណ៍អំពីវឌ្ឍនភាពសំណើគម្រោងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់សម្រាប់គម្រោង “អច្ឆរិយៈអង្គរ – Miracle Angkor” ទេសចរណ៍នាពេលអនាគត។
ឯកឧត្តម ស៊ីន ចាន់ សិរីវុត្ថាអ្នក នាំពាក្យ នៃ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល បានបញ្ជាក់ថា គម្រោង “អច្ឆរិយៈអង្គរ – Miracle Angkor” ត្រូវបានវិនិយោគដោយក្រុមហ៊ុន AIAI ដែលកំពុងសិក្សាទៅលើទីតាំងអាកាសយានដ្ឋានសៀមចាស់ ដែលមានផ្ទៃដីទំហំជាង ១៩៦.៣២ ហិកតា ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។ គម្រោងនេះ ក៏មាន មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ១៧,០០០ម៉ែត្រការ៉េ, សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន ដើម្បីប្រែក្លាយពីទេសចរណ៍ឆ្លងកាត់ មកជាទេសចរណ៍ស្នាក់នៅ ដោយបន្ថែមការស្នាក់នៅ ១-២ យប់។
ឯកឧត្តម មានប្រសាសន៍៖ «គោលដៅរួមនៃគម្រោង គឺពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់សៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
សូមបញ្ជាក់ សព្វថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ត្រូវបានបិទលែងឱ្យមានការហោះហើរពាណិជ្ជកម្មទៀតហើយ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ រាល់ជើងហោះហើរទាំងអស់ត្រូវបានផ្ទេរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ។
