ភ្នំពេញ៖ កម្មវិធី Cambodia Travel Match 2026 Mini-Series នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពល និងបទពិសោធន៍ទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលគ្រោងនឹងរៀបចំឡើងចាប់ពីសប្តាហ៍នេះ តទៅ។ កម្មវិធីនេះ នឹងនាំភ្ញៀវទេសចរដែលត្រូវបានអញ្ជើញចំនួន ៤០ រូប មកពីប្រទេស ហ្វីលីពីន, នេប៉ាល់, និងមីយ៉ាន់ម៉ា ដើម្បីមកស្វែងយល់ដោយផ្ទាល់នូវ បទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងស្វែងរកឱកាសបង្កើតផលិតផល និងកញ្ចប់ទេសចរណ៍ថ្មីៗ។
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានត្រៀមរៀបចំកម្មវិធី Cambodia Travel Match 2026 Mini-Series ជាបន្តទៀត ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយភ្ជាប់ពីខេត្ត សៀមរាប ទៅរាជធានីភ្នំពេញ និងតំបន់ឆ្នេរកំពត-កែប ទៅក្នុងដំណើរផ្សព្វផ្សាយ និងតភ្ជាប់ទីផ្សារទេសចរណ៍តែមួយ។
កម្មវិធីលើកនេះនឹងទទួលស្វាគមន៍ Hosted Buyers ចំនួន ៤០ រូប មកពីប្រទេសហ្វីលីពីន នេប៉ាល់ និងមីយ៉ាន់ម៉ា រួមមាន ថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ Tour Operators និងអ្នកជំនាញផ្នែកលក់ និងទីផ្សារ។ គោលដៅសំខាន់គឺបង្កើតការតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ និងប្រែក្លាយការផ្សព្វផ្សាយគោលដៅ ទៅជាឱកាសអាជីវកម្មជាក់ស្តែងសម្រាប់វិស័យទេសចរណ៍កម្ពុជា។
ចំណុចពិសេសនៃកម្មវិធីលើកនេះ គឺការដាក់បញ្ចូល «កំពត និងកែប» ជាគោលដៅឆ្នេរតែមួយ ប៉ុន្តែមានរសជាតិផលិតផលខុសគ្នា និងបំពេញគ្នាទៅវិញទៅមក។ ខេត្តកំពតផ្តល់នូវបទពិសោធន៍ទីក្រុងព្រែកកំពត បេតិកភណ្ឌ សហគមន៍ កសិទេសចរណ៍ ម្ហូបអាហារ និងធម្មជាតិ ខណៈខេត្ត កែប ផ្តល់នូវបរិយាកាសសមុទ្រស្ងប់ស្ងាត់ កោះ ឆ្នេរ អាហារសមុទ្រ និងបទពិសោធន៍សម្រាកលំហែ។ ការរួមបញ្ចូលគ្នានេះ ធ្វើឱ្យតំបន់កំពត-កែបក្លាយជាផលិតផលគោលដៅតែមួយដែលមានភាពចម្រុះ និងអាចបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ។
តាមរយៈ CTM 2026 នឹងបង្ហាញថា កម្ពុជាមិនមែនជាគោលដៅទេសចរណ៍ដែលមានតែបេតិកភណ្ឌមួយមុខនោះទេ ប៉ុន្តែ កម្ពុជាអាចផ្តល់បទពិសោធន៍ចម្រុះ ចាប់ពីអរិយធម៌ និងវប្បធម៌ ជីវិតទីក្រុង និងម្ហូបអាហារ រហូតដល់ធម្មជាតិ សហគមន៍ សមុទ្រ និងការសម្រាកលំហែ។
ជាមួយគ្នានេះ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បន្តអំពាវនាវដល់សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមប្រើប្រាស់វេទិកានេះ ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ពង្រីកបណ្តាញអាជីវកម្ម និងនាំផលិតផលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារថ្មីៗ៕
