ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានកោត សរសើរ ចំពោះ រាជ រដ្ឋាភិបាល កម្ពុជា ដែល បាន ចូល រួម ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពីប្រទេស ដែល ធ្លាប់ ទទួល កង កម្លាំង រក្សាសន្តិភាពមកជាប្រទេសមួយដែលបច្ចុប្បន្ន ជួយ ស្វែង រក សន្តិភាព ជូន បណ្តា ប្រទេស ដទៃ។ កម្ពុជាបានក្លាយជាភាគីរួមចំណែកដ៏មានតម្លៃមួយក្នុងកិច្ចប្រឹងប្រែងសកល។
ក្នុងពិធីបំពាក់មេដាយជូនកងកម្លាំងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និង កង អនុ សេនា ធំ វិស្វកម្មពហុជំនាញលេខ៨៦៣ ដែលបានបំពេញបេសកកម្មដោយជោគជ័យ នៅអាហ្វ្រិក កណ្តាល និងលីបង់ ក្នុង ប្រតិបត្តិការរក្សាសន្តិភាពអង្គការ សហ ប្រជាជាតិ នៅ ទីស្តីការ ក្រសួង ការពារ ជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា អ្នកសម្រប សម្រួល អង្គ ការ សហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា កងកម្លាំងរក្សា សន្តិភាព អង្គការ សហ ប្រជាជាតិ បំពេញ ភារកិច្ចនៅទីកន្លែងដែលមានស្ថានភាពលំបាកបំផុត ជាច្រើនក្នុងពិភពលោក ដើម្បីការពារ ជន ស៊ីវិល គាំទ្រសហគមន៍ និងថែរក្សាសន្តិភាពអោយបានយូរអង្វែង។ កង កម្លាំង ដែល បាន ផ្តល់ កិត្តិយស នៅ ថ្ងៃ នេះ គឺជាផ្នែកមួយនៃប្រពៃណីដ៏គួរជាទីមោទនៈ។ កម្ពុជាបានក្លាយជាភាគីរួមចំណែកដ៏មានតម្លៃមួយ ក្នងកិច្ចខិតខំប្រឹងប្រែងជាសកល។ ក្នុងរយៈ ពេល ពីរ ទសវត្សរ៍កន្លងមកនេះមានកងកម្លាំងរក្សាសន្តិភាពកម្ពុជាជាង ១០,០០០នាក់ បាន ចូល រួម បេសកកម្មនៅតាមបណ្តាប្រទេស ចំនួន១០ ដែលបានបង្ហាញ យ៉ាង ច្បាស់ អំពី ការ ប្តេជ្ញា ចិត្ត យ៉ាង មុត មាំរ បស់កម្ពុជាចំពោះកិច្ចសហការពហុភាគី និងសាមគ្គីអន្តរជាតិ។
អ្នកសម្រប សម្រួល បានបញ្ជាក់ថា កម្ពុជាចូលរួមក្នុងបេសកកម្មរក្សា សន្តិភាព អង្គការ សហ ប្រជាជាតិ រយៈពេល២០ឆ្នាំ សូមអបអរសាទរ នូវ ដំណើរ ដ៏ វិសេស វិសាល ពី ប្រទេស ដែល ធ្លាប់ ទទួល កងកម្លាំង រក្សា សន្តិភាព មកជា ប្រទេស មួយ ដែល បច្ចុប្បន្ន ជួយ ស្វែងរក សន្តិភាព និង ស្ថិរភាព ជូន ដល់ បណ្តាប្រទេសដទៃ។ អង្គការ សហប្រជាជាតិ កំពុង ទន្ទឹង រង់ ចាំ ការ ប្រារព្ធ ខួប ២០ឆ្នាំ ដ៏ សំខាន់ នេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា បានបញ្ជាក់ថា អង្គការសហប្រជាជាតិ សូម កោត សរ សើរចំពោះ រាជ រដ្ឋាភិបាល កម្ពុជាក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព និង ទទួល ស្គាល់ថា កា រដឹកនាំរបស់ស្ត្រីគឺមានសារៈសំខាន់ សម្រាប់ការកសាងសន្តិភាពប្រកបដោយចីរភាព។ នារីដែលជាកងកម្លាំងរក្សាសន្តិភាពដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិភាពកាន់តែ មានប្រសិទ្ធភាព រួមចំណែក និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍៕
