អាមេរិក និងអ៊ីរ៉ង់បានចេញផ្សាយអត្ថបទនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីបញ្ចប់សង្គ្រាមរវាងភាគីទាំងពីរកាលពីថ្ងៃពុធ១៧មិថុនាសប្ដាហ៍នេះ ដោយប្រធានាធិបតីអាមេរិក Donald Trump បានគំរាមថានឹងបន្តការវាយប្រហារ និងសម្លាប់មន្ត្រីអ៊ីរ៉ង់ ប្រសិនបើពួកគេមិនគោរពការប្តេជ្ញាចិត្តរបស់ពួកគេទេនោះ។
លោក Trump ដែលបានចូលរួមកិច្ចប្រជុំ G7 ជាមួយមេដឹកនាំផ្សេងទៀតនៅប្រទេសបារាំង ក៏បានដកយ៉ាងហោចណាស់ហេតុផលមួយដែលលោកបានបញ្ជាក់សម្រាប់ការវាយប្រហារអ៊ីរ៉ង់តាំងពីដំបូង ដោយនិយាយថា វានឹង “អយុត្តិធម៌” សម្រាប់ទីក្រុងតេអេរ៉ង់ដែលមិនមានមីស៊ីលផ្លោងបាលីស្ទីក ដោយកន្លងមកបានសន្យាថានឹងបំផ្លាញមីស៊ីលទាំងនោះ។
លោក Trump បាននិយាយពីអ៊ីរ៉ង់ក្នុងសន្និសីទសារព័ត៌មានមួយថា ពួកលោកនឹងទម្លាក់គ្រាប់បែកលើពួកគេ ប្រសិនបើពួកគេរំលោភកិច្ចព្រមព្រៀង។លោកមិនចង់ធ្វើរឿងបែបនោះទេ។ លោកចង់ឱ្យពួកគេគោរពកិច្ចព្រមព្រៀង។ លោកក៏បានហៅជនជាតិអ៊ីរ៉ង់ថា “មនុស្សឆ្លាត” ផងដែរ ខណៈក្រុមអ្នកចរចាអាមេរិក និងអ៊ីរ៉ង់កំពុងធ្វើការលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ក្នុងរយៈពេល៦០ថ្ងៃខាងមុខ។ លោកបាននិយាយថា ប្រសិនបើរូបលោកមិនពេញចិត្ត ប្រសិនបើពួកគេមិនប្រព្រឹត្តឲ្យបានល្អទេ ពួកលោកនឹងត្រលប់ទៅទម្លាក់គ្រាប់បែកចំកណ្តាលក្បាលរបស់ពួកគេវិញ។
កិច្ចព្រមព្រៀង ១៤ ចំណុច ដែលត្រូវគេស្គាល់ថាជាអនុស្សរណៈនៃការយោគយល់គ្នា ចែងថាអ៊ីរ៉ង់នឹងមិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ ហើយក៏ប្តេជ្ញាផ្តល់មូលនិធិចំនួន ៣០០ ពាន់លានដុល្លារសម្រាប់ “ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច” របស់ប្រទេសនេះផងដែរ ទោះបីជាសហរដ្ឋអាមេរិកមិនតម្រូវឱ្យចូលរួមចំណែកក៏ដោយ។កិច្ចព្រមព្រៀងនេះ កើតឡើងបួនខែបន្ទាប់ពីជម្លោះរវាងប្រទេសទាំងពីរ និងអ៊ីស្រាអែល បានផ្ទុះឡើង កាលពីថ្ងៃទី២៨ខែកុម្ភៈ២០២៦នេះ។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋបាលសហរដ្ឋអាមេរិកបានអានឯកសារ ១៤ ចំណុច ដែលបញ្ជាក់ពីបទប្បញ្ញត្តិសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញវត្ថុមួយចំនួនលើអ៊ីរ៉ង់ និងកំណត់ពីការរំពឹងទុកសម្រាប់ការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងអំឡុងពេលកិច្ចពិភាក្សាបច្ចេកទេសនាពេលអនាគត៕



